ព័ត៌មានក្ដីៗពី វិទ្យុ សំឡេងកម្ពុជាក្រោម (VOICE OF KAMPUCHEA-KROM)

Showing posts with label អ៊ាង សុខ ធឿន. Show all posts
Showing posts with label អ៊ាង សុខ ធឿន. Show all posts

Tuesday, February 28, 2012

ខ្មែរក្រោម​រំឭក​ការអារ-ក​សម្លាប់​សង្ឃ​ ១ អង្គ

Tuesday, 28 February 2012
ទេព និមល I ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ខ្មែរ​កម្ពុជាក្រោម រួមមាន​ព្រះសង្ឃ ពុទ្ធ​បរិស័ទ និង​ឥស្សរជន​ជាង​ ១០០ នាក់ បាន​ធ្វើ​ពិធី​បង្សុកូល រំឭក​ខួប​ ៥​ ឆ្នាំ ដល់​ព្រះ​តេជគុណ អ៊ាង សុខធឿន កាលពី​ម្សិលមិញ និង​អំពាវនាវឲ្យ​រដ្ឋាភិបាល ស្វែងរក​ឃាតក យក​មក​ផ្តន្ទាទោស​តាមច្បាប់ បន្ទាប់ពី​ព្រះអង្គ​ត្រូវបាន​ឃាតក អារ ក​សម្លាប់ ក្រោយពី​បាន​ចូលរួម​ធ្វើ​បាតុកម្មនៅ​មុខស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា កាលពី​ឆ្នាំ​ ២០០៧ ។


ព្រះសង្ឃ សកម្មជន​ខ្មែរ​កម្ពុជា​ក្រោម និង​ពុទ្ធ​បរិស័ទ នៅ​ក្នុង​ពិធីបុណ្យ​រំឭក​ខួប សព​ព្រះតេជគុណ អ៊ាង សុខធឿន​ កាល ពី​ម្សិលមិញ​ ។ រូបថត ម៉េង គីមឡុង/ភ្នំពេញប៉ុស្តិ៍


ពិធីបុណ្យនេះ ត្រូវបាន​រៀបចំ​ឡើង​នៅមុខ​ទី​បញ្ចុះសព​ព្រះតេជគុណ​អ៊ាង សុខ​ធឿន ស្ថិតនៅ​វត្ត​ទ្រនំ​ជ្រឹង សង្កាត់​អង្គស្នួល ខណ្ឌ​ដង្កោ។ ​នេះ​បើ​តាម​ការឲ្យដឹង​ពីមន្រ្តី​អង្គការ​សមាគមខ្មែរ​កម្ពុជា​ក្រោម​។
លោក គឹម ស៊ី​សំណា ប្រធាន​លេខាធិការដ្ឋាន អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បានឲ្យដឹង​ថា ព្រះសង្ឃ​ខ្មែរ​ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ជាង ១០០ នាក់ បានចូលរួម​ពិធីបុណ្យ​រំឭក​ខួប ៥ ឆ្នាំ ដែល​ឃាតក បាន​អារ ក​សម្លាប់​ព្រះសង្ឃ​ខ្មែរ​ក្រោម ។

ព្រះតេជគុណ អ៊ាង សុខធឿន (​ឈ្មោះ​ពិត ទ្រីវ ធឿង​) ព្រះជន្ម ៣២ ឆ្នាំ គង់​នៅ​វត្ត​ទ្រនំ​ជ្រឹង មាន​ដើម​កំណើត​ជាខ្មែរ​កម្ពុជា​ក្រោម បានចូលរួម​ជាមួយនឹង​ព្រះសង្ឃ​ខ្មែរ​កម្ពុជាក្រោម​ប្រមាណ ៣០០ នាក់ ដើម្បី​នាំយក​ញ្ញត្តិ​ ទៅដាក់ជូន​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា ដើម្បី​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​បញ្ឈប់​ការ​ចាប់ផ្សឹក​ព្រះសង្ឃ​ខ្មែរ ​ក្រោម និង​ដាក់​ពន្ធនាគារ បញ្ឈប់​ការ​រំលោភ​សិទ្ធិ​ជំនឿ​លើ​សាសនា វប្បធម៌ ប្រពៃណី និងបញ្ឈប់​ការរំលោភ​យកដីធ្លី​របស់​ពលរដ្ឋ​ខ្មែរក្រោម​។ នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ ព្រះ​តេជគុណ អ៊ាង សុខ​ធឿន ត្រូវបាន​ឃាតក ចាប់​អារ ក​សម្លាប់ ក្រោយពី​ព្រះ​អង្គ វិល​ត្រឡប់​ទៅគង់​នៅក្នុង​កុដិ​វិញ​ ។

លោក គឹម ស៊ីសំណា បញ្ជាក់​ថា​៖ ​«​សព​ព្រះតេជគុណ អ៊ាង សុខ​ធឿន មាន​ស្នាម​អារក​សម្លាប់ ហើយ​ការស្លាប់នេះ វា​អាច​ពាក់ព័ន្ធ​ដែល​ព្រះ​អង្គ​បានចូលរួម​យកញ្ញត្តិ​ទៅដាក់​នៅស្ថានទូត​ វៀតណាម​»​ ។ លោកថា អាជ្ញាធរ នៅ​មិនទាន់​ស្វែងរក​ឃាតក ដើម្បី​យក​មក​ផ្តន្ទាទោស​នៅ​ឡើយ​ទេ។ លោក​បាន​បញ្ជាក់​ថា៖​«​សមាគម​ខ្មែរ​កម្ពុជា​ក្រោម រៀបចំ​ពិធី​បុណ្យ​ឧទ្ទិសកុសល​ដល់​ព្រះ​តេជគុណ អ៊ាង សុខ​ធឿន​រាល់ឆ្នាំ និង​សុំឲ្យ​អាជ្ញាធរ​មូលដ្ឋាន រដ្ឋាភិបាល​ជួយ​ស្វែងរក​ឃាតក ដែល​លួច​ធ្វើគត​ព្រះតេជគុណ​យកមក​ផ្តន្ទា​ទោស​តាម​ច្បាប់​»​។

លោក ហ៊ី ព្រូ ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ បដិសេធ​មិនធ្វើ​អត្ថាធិប្បាយ​ពី​ករណី​នេះ​ទេ កាលពី​ម្សិល​មិញ​។

លោក សេង គុណ អភិបាលរង​ខណ្ឌ​ដង្កោ បាន​ឲ្យដឹងថា ករណី​ដែល​ឃាតក​ធ្វើគត ព្រះ​តេជគុណ អ៊ាង សុខ​ធឿន​ សមត្ថកិច្ច​កំពុង​បន្ត​ការ​ស្រាវ​ជ្រាវ​ចាប់ឃាតក។ លោក សេង គុណ បញ្ជាក់​ថា​៖​«​រឿងហេតុ​កើត​ឡើង​នៅ​មូល​ដ្ឋាន យើង​គ្រប់គ្រង ដូច្នេះ​សមត្ថកិច្ច​មិនអាច​ព្រងើយ​កន្តើយ​បាន​ទេ ត្រូវតែ​ស្រាវជ្រាវ    និង​វែកមុខ​ឃាតក​យក​មក ​ ផ្តន្ទាទោស​» ​៕

Monday, February 27, 2012

ខ្មែរ​ក្រោម​ប្រារព្ធ​ខួប ​៥ ​ឆ្នាំ​ នៃ​ការ​សុគត​របស់​ព្រះ​តេជ​ព្រះ​គុណ អ៊ាង សុខ ធឿន

ដោយ អ៊ុក សាវបូរី 
2012-02-27
ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ពុទ្ធបរិស័ទ និង​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ទាមទារ​ឲ្យ​ក្រសួង​មហា​ផ្ទៃ​បើក​ការ ​ស៊ើប​អង្កេត​ជា​ថ្មី ជុំវិញ​ការ​សុគត​របស់​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​អង្គ ព្រះនាម អ៊ាង សុខ​ធឿន ។
ប៉ូលិស​ខ្មែរ​វាយ​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ ក្រោម​ដែល​ចូល​រួម​ធ្វើ​បាតុកម្ម​នៅ​ខាង​
មុខ​ស្ថានទូត​វៀតណាម នៅ​កម្ពុជា កាលពី​ថ្ងៃ​ ទី ១៧ ខែធ្នូ ឆ្នាំ ២០០៧ ។



ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ពុទ្ធបរិស័ទ និង​អ្នក​តំណាង​រាស្ត្រ​ជាង ២០០​រូប ប្រារព្ធ​ខួប ៥​ឆ្នាំ នៃ​ការ​សុគត​របស់​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​អង្គ ព្រះនាម អ៊ាង សុខ​ធឿន នៅ​វត្ត​ទ្រនំ​ជ្រឹង សង្កាត់​បឹងធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ​ធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ២៧ ខែ​កុម្ភៈ ឆ្នាំ​២០១២ ។

ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម លោក លី ឈូន ដែល​បាន​ចូល​រួម​ក្នុង​ពិធី​បុណ្យ​បង្សុកូល​នៅ​ថ្នូរ​ព្រះ​សង្ឃ អ៊ាង សុខ​ធឿន នៅ​ក្រោយ​វត្ត​ទ្រនំ​ជ្រឹង បាន​ថ្លែង​ថា ខ្មែរ​ក្រោម​ទាំង​អស់​មិន​អស់​ចិត្ត​នឹង​ការ​សុគត​របស់​ព្រះ​សង្ឃ​អង្គ​នោះ​ ទេ។ ពល​រដ្ឋ​ទាំង​អស់​នៅ​តែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល ពិសេស​ក្រសួង​មហា​ផ្ទៃ​សុំ​សើរើ​រឿង​ឃាតកម្ម​លើ​ព្រះ​សង្ឃ អ៊ាង សុខ​ធឿន វិភាគ​ឡើង​វិញ ដើម្បី​ឲ្យ​អស់​មន្ទិល​សង្ស័យ ៖ "ដូច​ជា​មិន​ត្រឹម​ត្រូវ បើ​សិន​ជា​ធ្វើ​អត្តឃាត រឿង​អី​កាល​ពេល​នោះ អង្គការ​សមាគម​ខ្មែរ​ក្រោម​សុំ​ធ្វើ​កោសល្យវិច័យ​អត់​ព្រម​ឲ្យ​ធ្វើ ហើយ​អ្នក​នៅ​ក្នុង​វត្ត​នឹង យក​ព្រះ​អង្គ​ទៅ​កប់​ចោល​ភ្លាមៗ អត់​មាន​បាន​ជូន​ដំណឹង​ដល់​គ្រួសារ​ព្រះ​អង្គ"

កាល​ពី​ថ្ងៃ​២៧ ខែ​កុម្ភៈ ឆ្នាំ​២០០៧ ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ព្រះ​នាម អ៊ាង សុខធឿន បាន​និមន្ត​ចូល​រួម​បាតុកម្ម​ជា​មួយ​ព្រះ​សង្ឃ​ក្នុង​សមាគម​ខ្មែរ​កម្ពុជា​ ក្រោម នៅ​មុខ​ស្ថាន​ទូត​វៀតណាម ដើម្បី​សុំ​ឲ្យ​រដ្ឋការ​ប្រទេស​វៀតណាម​ផ្ដល់​សិទ្ធិ​ខ្មែរ​កម្ពុជា​ក្រោម បាន​រស់​នៅ​ជា​ជន​ជាតិ​ខ្មែរ​ពេញ​លេញ លើ​ទឹក​ដី​កំណើត​របស់​ខ្លួន​ស្រប​ច្បាប់។

ក្រោយ​ពី​ព្រះ​អង្គ​និមន្ត​ទៅ​កាន់​វត្ត​ទ្រនំ​ជ្រឹង ឃុំ​បឹង​ធំ ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​វិញ ថ្ងៃ​បន្ទាប់​មាន​ព័ត៌មាន​ពី​អាជ្ញាធរ និង​សមត្ថកិច្ច​ស្រុក​អង្គ​ស្នួល ខេត្ត​កណ្ដាល ថា​ព្រះ​អង្គ​បាន​ធ្វើ​អត្តឃាត ដោយ​អារក​នៅ​យប់​ថ្ងៃ​២៧ ខែ​កុម្ភៈ ឆ្នាំ​២០០៧ នោះ។ ព្រះ​សព​របស់​ព្រះ​អង្គ​ត្រូវ​អាជ្ញាធរ និង​គណៈកម្មការ​វត្ត​កប់​ក្រោយ​របង​វត្ត​ទ្រនំ​ជ្រឹង ដោយ​ហាម​ប៉ះពាល់​សព និង​មិន​ព្រម​ឲ្យ​ធ្វើ​កោសល្យវិច័យ​ឡើយ។


ប្រធាន​លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម លោក គឹម ស៊ីសំណា ថ្លែង​ថា ដោយ​សារ​តែ​នៅ​មាន​មន្ទិល​សង្ស័យ​ចំពោះ​ការ​សុគត​របស់​ព្រះ​សង្ឃ អ៊ាង សុខ​ធឿន អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម សមាគម​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម និង​ពុទ្ធ​បរិស័ទ​បាន​ដាក់​លិខិត​ស្នើ​សុំ​ឲ្យ​ក្រសួង​មហា​ផ្ទៃ​សើរើ​រឿង​ នោះ យក​មក​ដោះ​ស្រាយ​លាត​ត្រដាង​ថា​តើ​ព្រះ​អង្គ​ធ្វើ​អត្តឃាត ឬ​ក៏​មនុស្ស​ឃាត។

បន្ថែម​ពី​លើ​នោះ អង្គការ​នេះ​បាន​សុំ​គាស់​ព្រះ​សព​របស់​ព្រះ​អង្គ អ៊ាង សុខធឿន ដើម្បី​បូជា​តាម​ព្រះ​ពុទ្ធ​សាសនា ៖ "គឺ ​ហេតុ​អី​បាន​ជា​បិទ​នូវ​ភស្តុតាង ឬ​ក៏​ព័ត៌មាន ឬ​ក៏​រារាំង​ហាម​ឃាត់​មិន​អនុញ្ញាត​ឲ្យ​គាស់​ព្រះ​សព​អី​ឡើង​យក​ទៅ​ធ្វើ​ កោសល្យវិច័យ ដើម្បី​ស្វែង​រក​មូល​ហេតុ និង​ភស្តុតាង​អី​ពិត​ប្រាកដ​អី​នឹង"


អនុ​ប្រធាន​សមាគម​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ព្រះ​តេជ​ព្រះ​គុណ សៀង សុវណ្ណារ៉ា មាន​ថេរដិកា​ថា ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ភស្តុតាង និង​មិន​បាន​ហាម​ពល​រដ្ឋ និង​អង្គការ​នានា​មិន​ឲ្យ​ប៉ះពាល់​ព្រះ​សព​កាល​ពី ៥​ឆ្នាំ​មុន​ទេ ហើយ​បើក​ឲ្យ​ធ្វើ​កោសល្យវិច័យ​ត្រឹម​ត្រូវ​នោះ មន្ទិល​សង្ស័យ​ពី​ការ​សុគត​របស់​ព្រះ​សង្ឃ អ៊ាង សុខ​ធឿន មិន​ចោទ​បញ្ហា​មក​ដល់​ពេល​នេះ​ទេ ។

ពាក់ព័ន្ធ​បញ្ហា​លើក​ឡើង​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​បានទេ ។ ប៉ុន្តែ​ចៅ​សង្កាត់​បឹងធំ លោក មឿន អួន ប្រាប់​នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​កុម្ភៈ ថា​ព្រះ​សង្ឃ អ៊ាង សុខ​ធឿន បាន​ធ្វើ​អត្តឃាត មិន​មែន​ឃាតកម្ម​នោះ​ទេ ៖ "ធ្វើ​ឃាតកម្ម​ដោយ​ខ្លួន​ឯង មាន​ទាំង​ថ្នាំ​ញៀន​ថ្នាំ​អី លោក​ដែល​ធ្វើ​អត្តឃាត​នឹង"

អ្នក​គ្រប់គ្រង​បច្ចេកទេស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត បាន​ថ្លែង​ថា បញ្ហា​សុគត​របស់​ព្រះ​តេជ​ព្រះ​គុណ អ៊ាង សុខ​ធឿន នៅ​មាន​ភាព​ចម្រូងចម្រាស​យូរ​ឆ្នាំ​ហើយ និង​នៅ​តែ​ជា​បញ្ហា​ចោទ​ជា​ចម្ងល់។ ក្នុង​នាម​អាជ្ញាធរ គួរ​បើក​ទូលាយ ទាក់ទង​ការ​សុំ​គាស់​ព្រះ​សព ដើម្បី​ធ្វើ​បុណ្យ និង​ផ្ដល់​ចម្លើយ​ឲ្យ​ច្បាស់​អំពី​ការ​ស៊ើប​អង្កេត​រឿង​នេះ​ពី​មុន ព្រោះ​វា​ជា​ផ្លូវ​ច្បាប់ ដែល​មិន​គួរ​នឹង​លាក់​លៀម​ទេ ។
ប្រធាន​មិត្ត​សមាគម​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សាង មាន​ប្រសាសន៍​ថា ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ពុទ្ធ​បរិស័ទ និង​អ្នក​តំណាង​រាស្ត្រ​គណ​បក្ស​ប្រឆាំង នៅ​តែ​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ជា​ថ្មី។ ពី​ព្រោះ​សព​ព្រះ​តេជ​ព្រះ​គុណ អ៊ាង សុខ​ធឿន គ្រាន់​តែ​គេ​អះអាង​ថា អារក​សម្លាប់​ខ្លួន រួច​អាជ្ញាធរ​យក​ដី ១​ឡាន ទៅ​ចាក់​លុប​កប់​សព​នៅ​ក្រោយ​វត្ត ដែល​តាម​រូបភាព​ហាក់​បញ្ជាក់​ពី​ការ​រើសអើង ៕

ខ្មែរ​កម្ពុជាក្រោម​រំឭក​ខួប ៥ ឆ្នាំ ​នៃ​ការ​អា​រក​សម្លាប់​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម

អត្ថបទចុះផ្សាយនៅលើគេហទំព័រ CEN 

លោក គឹម ស៊ីសំណា ប្រធានលេខាធិការដ្ឋាន នៃអង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម
នៅក្នុងប្រទេសកម្ពុជា ។ រូបថត៖ CEN 

ភ្នំពេញ: អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រមាណ​ជា ២០០ នាក់​ដែល​ក្នុងនោះ​មាន​ទាំង​ព្រះសង្ឃ ពុទ្ធបរិស័ទ និង​ឥស្សរជន​ខ្មែរក្រោម​មួយចំនួន នៅ​ថ្ងៃទី​២៧ កុម្ភៈ ស្អែក​នេះ នឹង​ធ្វើដំណើរ​ទៅកាន់​វត្ត​ទ្រនុំ​ជ្រឹង សង្កាត់​អង្គស្នួល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដើម្បី​ទៅ​រម្លឹក​ខួប ៥ ឆ្នាំ នៃ​ការ​អា​រក​សម្លាប់​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម មួយអង្គ​ព្រះនាម អ៊ាង សុខ​ ធឿន កាលពី​ថ្ងៃទី ​២៧ កុម្ភៈ ឆ្នាំ​២០០៧ បន្ទាប់ពី​ព្រះអង្គ​បាន​ចូលរួម​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា ដើម្បី​ទាមទារ​សិទ្ធិសេរីភាព​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម ហើយ​ត្រឡប់​ទៅកាន់​វត្ត​វិញ ក៏ត្រូវ​ឃាតក​អា​រក​សម្លាប់​តែម្តង ហើយ​យកទៅ​កប់​បំបាត់ភស្តុតាង​ទាំងយប់​។


​លោក គឹម ស៊ីសំ​ណា ប្រធាន​លេខាធិការដ្ឋាន នៃ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ​២៦ កុម្ភៈ​នេះ ថា សមាជិក​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​ធ្វើការ​ជួបជុំគ្នា​នៅ​ព្រឹក​ថ្ងៃទី​ ២៧ កុម្ភៈ នៅ​សហគមន៍​បុរី​ព្រៃនគរ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដើម្បី​ធ្វើដំណើរ​ទៅកាន់​ទី​បញ្ចុះ​ព្រះ​សព នា​វត្ត​ទ្រនុំ​ជ្រឹង ដើម្បី​ឧទ្ទិស​មាគ​ផល​ប្រគេន​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះ​តេជគុណ អ៊ាង សុខ ​ធឿន ​។

​ពិធី​នេះ​និង​មានការ​ចូលរួម​ពី​សំណាក់​ព្រះសង្ឃ និង​ប្រជា​ពុទ្ធបរិស័ទ​ប្រមាណ ២០០ ព្រះអង្គ និង​នាក់ ក្នុងនោះ​មាន​ព្រះសង្ឃ​ចំនួន ២៧ ព្រះអង្គ ដែលជា​និម្មិត​រូប​នៃ​ថ្ងៃទី ​២៧ កុម្ភៈ ជា​ថ្ងៃ​ដែល​ឃាតក​អា​រក​សម្លាប់​ព្រះ​តេជគុណ អ៊ាង សុខ ​ធឿន​ ។​

​ លោក គឹម ស៊ីសំ​ណា បាន​ឲ្យ​ដឹង​បន្តថា ព្រះ​តេជគុណ អ៊ាង សុខ​ធឿន (​ឈ្មោះ​ពិត​គឺ ទ្រី​វ ធឿ​ង​) ជា​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម គង់នៅ​វត្ត​ទ្រនុំ​ជ្រឹង​ ។ កាលពី​ថ្ងៃទី​ ២៧ កុម្ភៈ ឆ្នាំ​២០០៧ ព្រះអង្គ​បាន​ចូលរួម​ជាមួយនិង​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ប្រមាណ​ជិត ៣០០ អង្គ នាំយក​ញ្ញត្តិ​ដាក់ជូន​ស្ថាន​វៀតណាម ប្រចាំ​នៅ​កម្ពុជា ដើម្បី​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​បញ្ឈប់​ការចាប់​ផ្សឹក​ព្រះសង្ឃ​ខ្មែរ ​កម្ពុជា​ក្រោម និង​ដាក់ពន្ធនាគារ បញ្ឈប់​ការរំលោភ​សិទ្ធិ​ជំនឿ​សាសនា វប្បធម៌ និង​ប្រពៃណី​ដ​ដៃ​ទៀត​របស់​ខ្មែរ​កម្ពុជា​ក្រោម​។ លុះដល់​ពេលយប់​ថ្ងៃ​ដដែល ​(​ថ្ងៃទី​២៧ កុម្ភៈ ឆ្នាំ​២០០៧) បន្ទាប់ពី​ព្រះអង្គ​និមន្ត​ត្រឡប់​មកដល់​វត្ត​ដែល​ព្រះអង្គ​គង់នៅ​ជា​ អចិន្ត្រៃយ៍ បែរជា​មាន​ជន​មិន​ស្គាល់មុខ​មក​លប​ធ្វើគ​ត​ព្រះអង្គ ហើយ​ត្រូវបាន​គេ​យកទៅ​បញ្ចុះ​យ៉ាង​ទាន់ហន់​នៅក្បែរ​វត្ត​ទ្រនុំ​ជ្រឹង​។​

លោក គឹម ស៊ីសំ​ណា បាន​បន្តទៀតថា ជា​រៀងរាល់ឆ្នាំ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​ប្រារព្ធ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ប្រគេន​ដួង​វិញ្ញាណក្ខន្ធ​របស់​ ព្រះអង្គ នៅ​ទីកន្លែង​បញ្ចុះសព​ផ្ទាល់​។ ជាពិសេស​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា បាន​ព្យាយាម​សុំ​ការអនុញ្ញាត​ច្បាប់​ពី​អាជ្ញាធរ ដើម្បី​គាស់​សព​ព្រះអង្គ អ៊ាង សុខ​ធឿន យកមក​ធ្វើ​កោសល្យ​ពិច័យ​និង​ធ្វើបុណ្យ​បូជា​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា តែ​មិនបាន​សម្រេច​នៅឡើយ​ទេ​។​

​សូមបញ្ជាក់ថា រហូតមកដល់​ពេលនេះ​ឃាតក​ដែល​បាន​អា​រក​ធ្វើគ​ត​ព្រះ​តេជគុណ អ៊ាង សុខ​ធឿន កាលពី​យប់​ថ្ងៃ​ទី ​២៧ ខែកុម្ភៈ ឆ្នាំ ​២០០៧ រហូតមកដល់​ពេលនេះ​នៅ​មិនទាន់​ចាប់បាន​ឃាតក​នៅឡើយ​ទេ​ ៕​

រូបថតព្រះសង្ឃខ្មែរក្រោមធ្វើបាតុកម្មនៅ ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០០៧

ព្រះសង្ឃខ្មែរក្រោមធ្វើបាតុក​ម្មនៅមុខស្ថានទូតយួនក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃ ទី ២៧
ខែកុម្ភៈ ឆ្នាំ ២០០៧ ដើម្បីជម្រុញឲ្យអាជ្ញាធរវៀតណាមគោរពសិទ្ធិខ្មែរ ក្រោមនៅដែនដី
កម្ពុជាក្រោម ។ ការធ្វើ បាតុកម្មនេះ បន្ទាប់ពីព្រះសង្ឃខ្មែរក្រោម នៅកម្ពុជាក្រោមត្រូវ
បានអាជ្ញាធរវៀតណាម ចាប់ផ្សឹក និងដាក់គុក ក្រោយពីព្រះ សង្ឃទាំងនោះធ្វើបាតុកម្ម
នៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០០៧ នៅមុខ ករិយាល័យ នគរបាលយួនខេតខ្លាំង ។  ព្រះ
តេជព្រះព្រះគុណ អ៊ាង សុខ ធឿន ត្រូវគេធ្វើឃាតនៅរាត្រី ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០០៧
 ដោយចូលរួមក្នុងការធ្វើបាតុកម្មមួយនេះ ៕


 






ខួប ៥ ឆ្នាំ ព្រះតេជព្រះគុណ អ៊ាង សុខ ធឿន ត្រូវជនមិនស្គាល់មុខធ្វើឃាតនៅកម្ពុជា

ព្រះតេជព្រះគុណ អ៊ាង សុខ ធឿង ប្រសូត ឆ្នាំ ១៩៧៥ នៅ ស្រុកបាយឆៅ  (My Xuyen)  
ខេត្តឃ្លាំង (Hau Giang ) ដែនដីកម្ពុជាក្រោម និងបានសុតត នៅថ្ងៃ អង្គារ៍ ១១ កើត 
ខែផល្គុន ឆ្នាំ ច អដ្ឋស័ក ព.. ២៥៥០ ត្រូវនឹងថ្ងៃ ទី ២៧ ខែកុម្ភៈ ឆ្នាំ ២០០៧ 
នៅវត្តទ្រនំជ្រឹង ខេត្តកណ្ដាល ប្រទេសកម្ពុជា  ។ ព្រះអង្គ បានសាងផ្នួសបួសរៀន
នៅវត្តជ្រោយទឹម ខេត្តឃ្លាំង ជាវត្តកំណើតរបស់ព្រះអង្គ ។ រូបថត៖HRW

Monday, February 28, 2011

ព្រះសង្ឃ​ប្រឆាំង​វៀតណាម ត្រូវ​បាន​ធ្វើឃាត​៤​ឆ្នាំ​កន្លង​មក

ដោយ ដែន អយុធ្យា/RFA
2011-02-28

សមាគម​ខ្មែរ​ក្រោម​ជំរុញ​ទៅ​ក្រសួង​មហា​ផ្ទៃ​ឲ្យ​បើក​ការ​ស៊ើប​អង្កេត​ ឃាតកម្ម​សព​ព្រះ​តេជគុណ អៀង សុខ​ធឿន គង់​នៅ​វត្ត​ទ្រនំ​ជ្រឹង ក្បែរ​ក្រុង​ភ្នំពេញ កាល​ពី​ឆ្នាំ​២០០៧ ដើម្បី​ចាប់​ជន​ល្មើស​យក​មក​ផ្ដន្ទា​ទោស។

ឆាយាលក្ខណ៍ (រូបថត) ព្រះភិក្ខុ អ៊ាង សុខ ធឿន នៅវត្តសាមគ្គីរង្សី ឋិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទីក្រុងភ្នំពេញ ។ រូបថត Human Right Watch


លិខិត​របស់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន ៩​អង្គការ ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន​នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ផ្ញើ​ជូន​ទៅ​លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ បាន​ទទូច​ឲ្យ​សមត្ថកិច្ច​ពន្លឿន​ការ​ស៊ើប​អង្កេត និង​ចាប់​ជន​ល្មើស​ដែល​ក្រុម​អង្គការ​នេះ​ចោទ​ថា បាន​ធ្វើឃាត​ព្រះតេជព្រះគុណ អៀង សុខ​ធឿន កាល​ពី​យប់​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០០៧ យក​មក​ផ្ដន្ទា​ទោស។

លិខិត​បាន​ឲ្យ​ដឹង​ទៀត​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ មាន​រយៈ​ពេល ៤​ឆ្នាំ​ហើយ ដែល​ក្រុម​អង្គការ​ខ្មែរ​កម្ពុជា​ក្រោម ក៏​ដូច​ក្រុម​គ្រួសារ​របស់​សព​ព្រះតេជព្រះគុណ អៀង សុខ​ធឿន ទន្ទឹង​រង់ចាំ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​របស់​សមត្ថកិច្ច ប៉ុន្តែ​បាត់​ដំណឹង​សូន្យ​ឈឹង។

បន្ថែម​លើ​ខ្លឹមសារ​លិខិត លោក ថាច់ សេដ្ឋា ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ បន្ទាប់​ពី​ពិធី​បុណ្យ​គម្រប់​ខួប ៤​ឆ្នាំ នៃ​ការ​ស្លាប់​ព្រះតេជព្រះគុណ អៀង សុខ​ធឿន បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​ក្រសួង​មហា​ផ្ទៃ ត្រូវ​ស្វែង​រក​មុខ​ឃាតក​យក​ទៅ​ផ្ដន្ទា​ទោស​ឲ្យ​បាន​ឆាប់ ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​គ្រួសារ​ជន​រង​គ្រោះ ៖ «ក្រោយ​ពេល​ឃាតកម្ម​ ហើយ​យក​សព​របស់​ព្រះ​អង្គ​ទៅ​កប់​តក់ក្រហល់​ទៀត។ វា​ខុស​ពី​ទំនៀម​ទម្លាប់​ព្រះ​ពុទ្ធ​សាសនា ព្រះ​អង្គ​ជា​ព្រះ​សង្ឃ​ផង។ ព្រះ​ពុទ្ធ​សាសនា​យើង​ត្រូវ​តែ​បូជា​ដោយ​ព្រះ​អគ្គី ឬ​លើង​បូជា​ហៅ​ថា​ដុត។ ប៉ុន្តែ​ទី​បំផុត​ទៅ បែរ​ជា​យក​ទៅ​កប់​យ៉ាង​តក់ក្រហល់ ហើយ​មិន​ឲ្យ​មាន​ការ​ធ្វើ​កោសល្យវិច័យ​អី​ទាំង​អស់»។

ឆ្លើយ​តប​ការ​អំពាវនាវ លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​មាន​ប្រសាសន៍​ថា ករណី​ឃាត​កម្ម​ទៅ​លើ​សព​ព្រះតេជព្រះគុណ អៀង សុខ​ធឿន សមត្ថ​កិច្ច​ក្រសួង ក៏​ដូច​ជា​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ មិន​បាន​ផ្អឹប​ទុក​សំណុំ​រឿង​ឃាតកម្ម​នេះ​ទុក​ចោល​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​សំណុំ​រឿង​ឃាត​កម្ម​នេះ សមត្ថកិច្ច​នៅ​បន្ត​បើក​ការ​ស៊ើប​អង្កេត​នៅ​ឡើយ ៖ «ករណី​នេះ​មិន​ទាន់​ ត្រូវ​បាន​ក្រសួង​លោក​បិទ​បញ្ជី​ស៊ើប​អង្កេត​នៅ​ឡើយ​ទេ។ បាន​សេចក្ដី​ថា​នៅ​បើក​ចំហ​នៅ​ឡើយ។ ដរាប​ណា​ជន​ល្មើស​មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​ទេ មិន​ទាន់​បិទ​បញ្ជី​ទេ»។

ព្រះតេជព្រះគុណ អៀង សុខ​ធឿន ត្រូវ​បាន​គេ​សង្ស័យ​ថា ត្រូវ​បាន​ឃាតក​ប្រើ​កាំបិត​អារ​ក​សម្លាប់ នៅ​យប់​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០០៧ ក្នុង​កុដិ​ព្រះអង្គ នា​វត្ត​ទ្រនំ​ជ្រឹង ស្ថិត​នៅ​សង្កាត់​បឹង​ធំ ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ បន្ទាប់​ពី​ព្រះ​អង្គ​បាន​និមន្ត​វិល​ត្រឡប់​ពី​ចូល​រួម​ធ្វើ​បាតុកម្ម​នៅ​ ខាង​មុខ​ស្ថានទូត​វៀតណាម។

យ៉ាង​ណា​ក៏​ដោយ សមត្ថកិច្ច​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ឆ្នាំ​២០០៧ បាន​សន្និដ្ឋាន​ជំហាន​ដំបូង​របស់​ខ្លួន​ថា ការ​សុគត​របស់​ព្រះតេជព្រះគុណ អៀង សុខ​ធឿន ដោយ​សារ​តែ​ព្រះ​អង្គ​ធ្វើ​អត្តឃាត​ខ្លួន​ឯង។ ប៉ុន្តែ​ការ​សន្និដ្ឋាន​នេះ ត្រូវ​បាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​ប្រជា​ពល​រដ្ឋ​ខ្មែរ​ច្រាន​ចោល និង​ទាមទារ​ឲ្យ​សមត្ថកិច្ច​យក​សព​ទៅ​ធ្វើ​កោសល្យវិច័យ តែ​ត្រូវ​សមត្ថកិច្ច​បដិសេធន៍។

នា​ឱកាស​នោះ​ដែរ តុលាការ​ក៏​បាន​អំពាវនាវ​ឲ្យ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ក៏​ដូច​ជា​គ្រួសារ​ជន​រង​គ្រោះ​ឲ្យ​រង់ចាំ​លទ្ធ​ផល​ស៊ើប​អង្កេត​របស់​ សមត្ថកិច្ច ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១១ សមត្ថកិច្ច មិន​ទាន់​ចាប់​ខ្លួន​ជន​ល្មើស និង​មិន​បាន​ធ្វើ​ការ​សន្និដ្ឋាន​បែប​ណា​ទេ ជុំវិញ​ឃាត​កម្ម​នេះ​នៅ​ឡើយ៕
------------------------------------------------------
មើលផងដែរៈ
  • ព្រឹត្តិការណ៍ ០៨ កុម្ភៈ
  • ខួប ៣ ឆ្នាំ នៃការបង្រ្កាបព្រះសង្ឃខ្មែរក្រោម ដោយប៉ូលិសខ្មែរនៅមុខស្ថានទូតយួន
  • រំឭកខួប ៤ ឆ្នាំ នៃការសុគតរបស់ព្រះសង្ឃ អ៊ាង សុខ ធឿន
  • Sunday, February 27, 2011

    រំឭកខួប ៤ ឆ្នាំ នៃការសុគតរបស់ព្រះសង្ឃ អ៊ាង សុខ ធឿន


    ចុចប៉ូតុងខាងក្រោមដើម្បីស្តាប់សេចក្តីរាយការណ៍ពី VOKK

    ព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោមធ្វើកិច្ចបង្សុកូលឧទ្ទិសដល់វិញ្ញាណក្ខន្ធ ព្រះភិក្ខុ អ៊ាង សុខ ធឿន ព្រឹកនេះ ។ រូបថត KKYN


    អង្គការ សមាគមរបស់ខ្មែរក្រោម នៅក្នុងប្រទេសកម្ពុជា បានរៀបចំធ្វើបុណ្យគម្រប់ខួប ៤ ឆ្នាំ នៃការសុគតរបស់ព្រះភិក្ខុ អ៊ាង សុខធឿន ដែលបានសុគតយ៉ាងអាថ៌កំបាំងកាលពីថ្ងៃ ទី ២៧ ខែកុម្ភៈ ឆ្នាំ ២០០៧ កន្លងទៅនេះ នៅក្នុងវត្តទ្រនំជ្រឹង ឋិតនៅភូមិខ្ចៅ សង្កាត់បឹង ធំ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ កម្មវិធីបុណ្យនេះ បានប្រារព្ធឡើងនៅព្រឹកថ្ងៃទី ២៧ ខែ កុម្ភៈ នេះ នៅក្បែរវត្តទ្រនំជ្រឹង ដើម្បីបង្សុកូលឧទិ្ទសកុសលប្រគេនដល់វិញ្ញាណក្ខន្ធ ព្រះ ភិក្ខុ អ៊ាង សុខធឿន ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ ប្រជាពលរដ្ឋ តំណាងអង្គការសមាគមខ្មែរកម្ពុជាក្រោម ប្រមាណជាង ១០០ រូប ដឹកនាំដោយលោក យន្ត ថារ៉ូ តំណាងរាស្រ្តដែលមានកំណើតជាខ្មែរក្រោមមកពីគណបក្សសម រង្ស៊ី ។

    ឆាយាលក្ខណ៍ (រូបថត) ព្រះភិក្ខុ អ៊ាង សុខ ធឿន នៅវត្តសាមគ្គីរង្សី ឋិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទីក្រុងភ្នំពេញ ។ រូបថត Human Right Watch


    ថែ្លងក្នុងពិធីបុណ្យនោះ លោក យន្ត ថារ៉ូ បានមានប្រសាសន៍ថា ការសុគតរបស់ ព្រះភិក្ខុ អ៊ាង សុខធឿន គឺដោយបុព្វហេតុនៃការតស៊ូធ្វើបាតុកម្មនៅមុខស្ថានទូតយួននៅក្នុងទី ក្រុងភ្នំពេញ ទាមទារឲ្យអាជ្ញាធរវៀតណាមដោះលែងព្រះសង្ឃខ្មែរក្រោម ដែលត្រូវបាន រដ្ឋាភិបាលវៀតណាមចាប់ផ្សឹក និងដាក់ពន្ធធានាគារនៅដែនដីកម្ពុជាក្រោម (ភាគខាង ត្បូងវៀតណាម) ។

    ព្រះសព ព្រះ ភិក្ខុ អ៊ាង សុខ ធឿន នៅវត្តទ្រនំជ្រឹង ខេត្តកណ្តាល ។


    លោក យន្ត ថារ៉ូ មានប្រសាសន៍បន្តទៀតថា ការសុគតរបស់ព្រះភិក្ខុ អ៊ាង សុខ ធឿន ត្រូវបានគេយកទៅបញ្ចុះ ដោយមិនបានធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនាឡើយ។ ពេលនោះ មានអង្គការសង្គមស៊ីវិល ក្នុងនោះក៏មានអង្គការសមាគមខ្មែរកម្ពុជាក្រោម បានប្រមូលផ្តុំគ្នានៅកន្លែងបញ្ចុះសពព្រះអង្គ ដើម្បីធ្វើបុណ្យតាមប្រពៃណី ប៉ុន្តែមាន រារាំងពី អាជ្ញាធរមូលដ្ឋានរបស់ខ្មែរ ។

    ការធ្វើបាតុកម្មរបស់ព្រះសង្ឃខ្មែរក្រោមនៅមុខស្ថានទូតយួននៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០០៧ កន្លងទៅនេះ ។


    លោក ថាច់ សេដ្ឋា បានមានប្រសាសន៍ថា ករណីព្រះភិក្ខុ អ៊ាង សុខ ធឿន សុគតនេះ មិនមែនព្រះអង្គធ្វើអត្តឃាតទេ តែព្រះសង្ឃខ្មែរក្រោមអង្គនេះត្រូវបានគេធ្វើឃាត ។ យោងតាមលិខិតមួយច្បាប់ចុះថ្ងៃទី ២៦ ខែកុម្ភៈ ម្សិលមិញនេះ ផ្ញើជូនលោក ស ខេង ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួមហាផ្ទៃ ដោយមានចុះហត្ថលេខាពីលោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម និង លោក សឺង យឿង ប្រធានសមាគមខ្មែរកម្ពុជា ក្រោម ដើម្បីសិទ្ធិមនុស្ស និង អភិវឌ្ឍន៍ តំណាងឲ្យអង្គការខ្មែរកម្ពុជាក្រោមទាំងអស់ នៅក្នុងប្រទេសកម្ពុជា ពួកគេបានស្នើសុំឲ្យរដ្ឋាភិបាលខ្មែរធ្វើការស៊ើបអង្កេតលើករណី ឃាតកម្មមួយនេះ និងសុំឲ្យរដ្ឋាភិបាលខ្មែរសែ្វងមុខឃាតកយកមកកាត់ទោសតាម ផ្លូវច្បាប់ ។

    សូមបញ្ជាក់ថា ព្រះភិក្ខុ អ៊ាង សុខ ធឿន ប្រសូតឆ្នាំ ១៩៧៥ នៅ ឃុំដាយតឹង (Đạ Tân) ស្រុកបាយឆៅ (Mỹ Xuyên) ខេត្តបាសាក់ (Hậu Giang) បច្ចុប្បន្នខេត្តឃ្លាំង (SócTrăng) ដែនដីកម្ពុជាក្រោម ។ ក្រោយពីបានបួសរៀននៅវត្តរបស់ព្រះអង្គ ក្នុងទឹកដីខេត្តឃ្លាំង មួយរយៈ ព្រះភិក្ខុ អ៊ាង សុខ ធឿន ក៏បាននិមន្តឡើងមកបន្តការសិក្សានៅទីក្រុងភ្នំ ពេញ ប្រទេសកម្ពុជា ។ យប់ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០០៧ ព្រះភិក្ខុអ៊ាង សុខ ធឿន ត្រូវបានជនមិនស្គាល់អត្តសញ្ញាណធ្វើឃាតនៅក្នុងវត្តទ្រនំជ្រឹង ឋិតនៅក្នុងខេត្តកណ្តាល ជាយក្រុងភ្នំពេញ ក្រោយពីព្រះអង្គបានចូលរួមក្នុងការធ្វើបាតុកម្មរបស់ព្រះសង្ឃខ្មែរ ក្រោមមួយនៅមុខស្ថានទូតយួនក្នុងទីក្រុងភ្នំពេញ ដើម្បីជម្រុញឲ្យអាជ្ញាធរបក្សកុម្មុយ និស្តវៀតណាមគោរពសិទ្ធិខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ។ ការធ្វើបាតុកម្មរបស់ព្រះ សង្ឃខ្មែរក្រោមនៅទីក្រុងភ្នំពេញនិងនៅជុំវិញពិភពលោកជាបន្តបន្ទាប់នោះ ដោយអាជ្ញា ធរវៀតណាមបានចាប់ព្រះសង្ឃខ្មែរក្រោមនៅសាលាបាលីខេត្តឃ្លាំង ផ្សឹកនិងដាក់គុក ជាបន្តបន្ទាប់ ក្រោយពីមានការធ្វើបាតុកម្មមួយកាលពីថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០០៧ ៕

    ការធ្វើបាតុកម្មរបស់ព្រះសង្ឃខ្មែរក្រោមនៅខេត្តឃ្លាំង
    កាលពីថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០០៧ ។


    ចុចលើរូបខាងក្រោមដើម្បីពង្រីកធំ
    លិខិតរបស់សមាគមខ្មែរក្រោមនៅកម្ពុជាជូនចំពោះលោក ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃខ្មែរ ។